គុណសម្បត្តិ​របស់​អ្នកដឹកនាំ​


អ្នកដឹកនាំ​ត្រូវមាន សុខភាព សមត្ថភាព និង​គុណធម៌​ដើម្បី​បំពេញ​តួនាទី​ជា​អ្នកដឹកនាំ​ល្អ​។​ ​សុខភាព ជា​គុណសម្បត្តិ​ផ្នែក​រាងកាយ​ដែល​អ្នកដឹកនាំ​ទាំងឡាយ​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​ឲ្យ​បាន​រឹងប៉ឹង​។​ ​សមត្ថភាព ជា​គុណសម្បត្តិ​ផ្នែក​សតិបញ្ញា​ដែល​អ្នកដឹកនាំ​ទាំងឡាយ​ត្រូវបំពេញ​បន្ថែម​ឲ្យ​រឹងរឹតតែ​ខ្លាំងក្លា​ឡើងជា​លំដាប់​។​ ​គុណធម៌ ជា គុណសម្បត្តិ​ផ្នែក​ផ្លូវចិត្ត​និង​ការប្រព្រឹត្តិ ដែល​អ្នកដឹកនាំ​ត្រូវ​ថែរក្សា និង​គោរព​ស្មើ​អាយុជីវិត​របស់ខ្លួន​។ បើ​ប្រៀបធៀប​នឹង​លំនៅដ្ឋាន​របស់​មនុស្ស គុណសម្បត្តិ​ទាំង​៣ ប្រការនេះ​មាន​ដូចតទៅ​៖ ​សុខភាព ទុកជា​សសរផ្ទះ មាន​នាទី​សម្រាប់​ទ្រ​ ​សមត្ថភាព ទុកដូចជា​ជញ្ជាំង​ផ្ទះ មាន​នាទី​សម្រាប់​បិទបាំង​ ​គុណធម៌ ទុកដូចជា​ដំបូលផ្ទះ មាន​នាទី​សម្រាប់​ការពារ​ ​គុណសម្បត្តិ​ទី​១ សុខភាព​ ​លក្ខណៈ​របស់​អ្នកមាន​សុខភាព​ល្អ​រួមមាន​ដូចជា​៖ - ជា​បុរស​ឬ​ស្ត្រី​ពេញលក្ខណៈ​ - រាងកាយ​មិន​ពិ​កល​ពិការ​ - ជា​មនុស្ស​មិន​ជរា​ពេក​ - ជា​មនុស្ស​មិន​វិកលចរិត មិន​សរសៃប្រសាទ​ - ធន់​នឹង​ជំងឺ គឺ​មិន​ងាយ​ឈឺ​ផ្តេសផ្តាស​ - មិនមាន​រោគ​ធ្ងន់ ឬ​សាហាវ​ណាមួយ​បៀតបៀន​ - ជា​មនុស្ស​មាន​អនាម័យ មិន​ស្មោកគ្រោក​ ​បើសិន​ជាមាន​ជំងឺ បៀតបៀន ត្រូវ​ប្រញាប់​ព្យាបាល​ឲ្យ​បាន​រួសរាន់ ព្រោះថា​ការ​បណ្តែតបណ្តោយ​ជំងឺ​តិចតួច​ថ្ងៃនេះ អាច​នឹង​ឲ្យ​ឈឺ​ធ្ងន់​ថ្ងៃស្អែក​ដែល​រឹត​ឲ្យ​ខូចការ​កាន់តែច្រើន​។ នៅ​សហរដ្ឋអាមេរិក​កាល​ប្រ​ធានា​ធិបតេយ្យ​រ៉ូ​ណា​ល់​រេ​ហ្គិ​ន មាន​ជំងឺ​ធ្ងន់ ត្រូវ​វះកាត់ គេ​ឃើញថា​លុយ​ដុល្លារ ដែលជា​រូបិយ​បណ្ណ​គោល​នៃ​សេដ្ឋកិច្ចពិភពលោក​ចុះថោក​ភ្លាម​មួយ​រំពេច រីឯ​ក្នុងករណី​ប្រទេស​កម្ពុជា​វិញ ជំងឺ​របស់​សេនាប្រមុខ លន់ នល់ ជា​បច្ច័យ​មួយ​យ៉ាង​ធំ​ផងដែរ ដែល​នាំ​ឲ្យ​ប្រទេស​ខ្មែរ​ធ្លាក់ចុះ ព្រោះ​លោក​លន់ នល់ មិន​អាចមាន​សមត្ថភាព​បញ្ជា និង​ដឹកនាំ​ប្រទេស​ឲ្យ​ដិតដល់​។​ ​ពុទ្ធភាសិត​មួយ​ពោលថា “ អ​រោ​គ្យា បរមា លា​ភា ការមិន​មាន​រោគ គឺជា​លាភ​ដ៏​ធំ​បំផុត​” ។​ ​គុណសម្បត្តិ​ទី​២ សមត្ថភាព​ ​សមត្ថភាព គឺ​ភាព​ដែល​អាចបំពេញ​កិច្ចការ​ណាមួយ​ឲ្យ​សម្រេចបាន​ដោយ​មធ្យោបាយ​គ្រប់បែប យ៉ាង ទាំង​ផ្លូវកាយ ផ្លូវចិត្ត ផ្លូវ​បញ្ញា ទាំង​ផ្លូវ​សម្ភារៈ​។ សមត្ថភាព គឺជា​ដំណើរ​ធ្វើកើត ដំណើរ​ដែល​អាចទៅរួច​អាច​ប្រឹងប្រែង​បាន​។​ ​លក្ខណៈ​របស់​អ្នកមាន សមត្ថភាព​មាន​៨​យ៉ាង គឺជា​អ្នក​ជឿ​មាន​ហេតុផល ជា​អ្នកមាន​ញាណ ជា​អ្នកមាន​ប្រាជ្ញា​ខ្ពង់ខ្ពស់ ជា​អ្នកខ្លាំង​ប្រសើរ​លើសគេ ជា​អ្នកមាន​កម្លាំង​១០ ជា​អ្នកមាន​ទេពកោសល្យ ជា​អ្នកមាន​យុត្តិធម៌ និង​ជា​អ្នកមាន​សេចក្តី​ព្យាយាម​។​ - អ្នក​ជឿ​មាន​ហេតុផលៈ “​ធ្វើ​មេ​គេ​ហើយ នៅ​ត្រចៀកស្រាល​ទៀត ”  នេះ​ជា​ពាក្យ​ដែល​ខ្មែរ​ចំណាំ​និយាយ​រិះគន់​មេដឹកនាំ​ណា​ដែល​គេ​និយាយ​អ្វី បន្តិច​ក៏​ជឿ អ្វី​បន្តិច​ក៏​ខឹង ព្រោះ​គិតថា​រឿង​ហ្នឹង​ជា​រឿង​ពិត​។ គោលការណ៍​នៃ​ការជឿ​ចំនួន​១០​យ៉ាង​ដែល​ត្រូវ​យកមក​ពិចារណា​មុន​ដាក់​ជំនឿ ថា​រឿង​ហ្នឹង​ពិត​ឬ​មិន​ពិត​៖ (១) កុំ​ដាក់ចិត្ត​ជឿ​ព្រោះ​គ្រាន់តែ​ការ​បានឮ​តៗ​គ្នា​មក (២) កុំ​ដាក់ចិត្ត​ជឿ​ព្រោះ​ដោយ​ការ​កាន់​តៗ​គ្នា​ជា​ប្រពៃណី​តម​ក (៣) កុំ​ដាក់ចិត្ត​ជឿ​ព្រោះ​ដោយ​ការនិទាន​តៗ​គ្នា (៤) កុំ​ដាក់ចិត្ត​ជឿ​ព្រោះ​ដោយ​ការ​អាង​តម្រា​ឬ​គម្ពី (៥) កុំ​ដាក់ចិត្ត​ជឿ​ព្រោះ​ការគិត​បែប​តក្ក​វិទ្យា (៦) កុំ​ដាក់ចិត្ត​ជឿ​ដោយ​ការ​អនុមាន (៧) កុំ​ដាក់ចិត្ត​ជឿ​ព្រោះ​ការពិចារណា​តាមបែប​ហេតុផល (៨) កុំ​ដាក់ចិត្ត​ជឿ​ព្រោះ​ត្រូវ​នឹង​ទ្រឹស្តី​ដែល​បាន​ពិនិត្យ​ហើយ (៩) កុំ​ដាក់ចិត្ត​ជឿ​ព្រោះ​មើលទៅ​រូប​លក្ខណៈ​ដូចជា​អញ្ចឹង​មែន (១០) កុំ​ដាក់ចិត្ត​ជឿ​ព្រោះ​លោក​នោះ​ជា​គ្រូ​របស់​យើង​។​ - អ្នកមាន​ញាណៈ ជា អ្នកមាន​ប្រាជ្ញា​ចាក់​ឆ្លុះ ដឹង​ជ្រៅជ្រះ ដឹង​សព្វគ្រប់​។ ញាណ ឬ​ការដឹង​ច្បា​ស់មាន​៣​ប្រការ គឺ​ដឹង​អតីតកាល​(​ដឹង​ពី​អតីតកាល​របស់​រឿង កិច្ចការ ឬ​ហេតុការណ៍​ណាមួយ​ដោយ​ច្បាស់លាស់ និង​អាច​កំណត់​លំដាប់​ហេតុការណ៍​នោះបាន​គ្រប់លក្ខណៈ​) ដឹង​អនាគត​(​កាត់​ស្មាន​ហេតុការណ៍​ដែល​នឹង​កើតឡើង​បាន​ដោយ​ត្រឹមត្រូវ ដោយយោង​ភ្ជាប់​នឹង​ហេតុការណ៍​បច្ចុប្បន្ន​) និង​ដឹង​បច្ចុប្បន្ន (​ដឹង​ដំណើរ​ការដែល​កំពុង​ប្រព្រឹត្តិ​ទៅ មាន​លក្ខណៈ​បែបណា មាន​បច្ច័យ​អ្វីខ្លះ មាន​លក្ខ​ណ្ឌ​យ៉ាងណា​)​។​ - អ្នកមាន​ប្រាជ្ញា​ជាន់ខ្ពស់ៈ (១) ឃើញ​ហេតុ​ណាមួយ​កើតឡើង ក៏​អាច​វែកញែក​ពង្រីក ថ្លឹងថ្លែង ត​ភ្ជាប់​ទៅរក​ហេតុផល ឬ​វិបាក​ដែល​នឹងត្រូវ​កើតឡើង​ភ្លាម​មួយ​រំពេច ដូច​ពាក្យ​ខ្មែរ​ច្រើន​ពោលថា “ និយាយ​តែ​ពីរ​បី​ម៉ាត់​រហ័ស​យល់ដឹង​ថាច​ង់​ធ្វើ​អ្វី ចង់បាន​អ្វី​ភ្លាម  ” (២) ឆាប់​ចាប់បាន​សេចក្តីលំអិត​នៃ​បញ្ហា ឬ​រឿង​ណាមួយ​ដែល​គេ​ពន្យល់ ដឹងថា​រឿង​ហ្នឹង​មាន​ប្រភព​មកពីណា (៣) មាន​បញ្ញា​ឆ្លៀវឆ្លាត​ក្នុង​ភាសា ស្គាល់​ស័ព្ទ ពាក្យ​បញ្ញត្តិ ស្ទាត់ជំនាញ​ក្នុងការ​និយាយ ចេះ​និយាយ​ពិ​រោះ​ឲ្យ​គេ​ស្តាប់​បាន ឲ្យ​គេ​ចូលចិត្ត និង​ឲ្យ​គេ​ជឿជាក់ តាម​សេចក្តី​ប្រ​ថ្នា​របស់ខ្លួន (៤) បញ្ញា​គិត​លឿន យល់ច្បាស់​ក្នុង​ចំណេះដឹង អាច​យកទៅ​ប្រើការ​បាន​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ស្របទៅតាម​ស្ថានការណ៍​។​ - អ្នកខ្លាំង​ប្រសើរ​លើសគេៈ អ្នក ដឹកនាំ​គេ ត្រូវ​ខ្លាំង​ជាង​ប្រជាជន ទើប​ប្រជាជន​ទុកចិត្ត​ឲ្យ​ធ្វើជា​ប្រមុខ​គេ​បាន​។ ដើម្បី​ក្លាយជា​មនុស្ស​អច្ឆរិយៈ​ក្នុង​ក្រសែភ្នែក​ប្រជាជន អ្នកដឹកនាំ​ត្រូវ (១) ការ​ឃើញ​ដ៏​ប្រសើ​រៈ ជា​អ្នកឃើញ​សេចក្តី​ទុក្ខ​របស់​ប្រជាជន ឃើញ​បញ្ហា​ក្នុងសង្គម ជា​អ្នក​ពេញចិត្ត​ក្នុង​ការដើរ​សាកសួរ​ប្រជាជន​ខ្លួន (២) ការ​ស្តាប់​ដ៏​ប្រសើ​រៈ ចេះ​ស្តាប់ ចូលចិត្ត​ស្តាប់ និង​ពូកែ​ស្តាប់ (៣) កាលបើ​អ្នកដឹកនាំ​បានឃើញ បានដឹង នូវ​បញ្ហា សេចក្តីត្រូវការ និង​ដំណោះស្រាយ ហើយ អ្នកដឹកនាំ​ត្រូវ​យកមក​ចាត់ចែង​ជា​ក្រុម ជា​ថ្នាក់ ទៅតាម​ប្រភេទ តាម​លំដាប់​សំខាន់​។ កន្លែង​ណា​ដែល​ព័ត៌មាន​មាន​មិន​គ្រប់គ្រាន់​ក៏​យកមក​បំពេញបន្ថែម​។ កន្លែង​ដែល​លើស​ហួស​ពី​ការពិត ក៏​កាត់ចេញ​ចម្រាញ់​តែ​របស់​ណា​ដែលមាន​ប្រយោជន៍​ពិតៗ (៤) ការសិក្សា​ដ៏​ប្រសើ​រៈ សិក្សា​ពិនិត្យ​ឲ្យ​បាន​ច្បាស់ អ្វី​ជា​បញ្ហា​ចំបង​របស់​រាស្ត្រ អ្វី​ជា​ប្រភព​នៃ​បញ្ហា​ទាំងនោះ អ្វី​ជា​សេចក្តីត្រូវការ​ដែល​រាស្ត្រ​ចង់បាន​យ៉ាងពិត​ប្រាកដ កម្មវិធី​និង​មធ្យោបាយ​ណា​ដែល​អាច​អាច​កំចាត់​នូវ​បញ្ហា​និង​បំពេញ​សេចក្តី ត្រូវការ​របស់​រាស្ត្រ​បាន​។ (៥) ជា​អ្នកបម្រើ​ដ៏​ប្រសើ​រៈ បន្ទាប់ពី​បាន​សិក្សា​នូវ​បញ្ហា សេចក្តីត្រូវការ និង​វិធី​ដោះស្រាយ​ហើយ ត្រូវ​យកទៅ​អនុវត្តន៍​ឲ្យ​ក្លាយជា​ប្រយោជន៍​រាស្ត្រ​។ (៦) ការ​រំលឹក​ដ៏​ប្រសើ​រៈ កិច្ចការ​ណា​ដែល​អនុវត្តន៍​ហើយ អ្នកដឹកនាំ​ត្រូវ​តាមដាន ស្តាប់​ឲ្យ​បានជា​រឿយៗ ថា​មានដំណើរ​ដល់​ណា​ហើយ មាន​បញ្ហា​អ្វី​ជា​ឧបសគ្គ​ថែមទៀត​ទេ​។ រួចហើយ​ក៏​យក​ព័ត៌មាន​ទាំង​នោះមក​ចាត់​លំដាប់​សារជាថ្មី ព្រមទាំង​សិក្សា​ឲ្យ​បានច្បាស់លាស់​។​ - អ្នកមាន​កម្លាំង​១០៖ (១) យល់ច្បាស់​ពី​ច្បាប់​និង​គោលការណ៍​ដែល​ទាក់ទង​នឹង​តួនាទី​របស់ខ្លួន (២) យល់​ពី​ការប្រព្រឹត្តិ​របស់​មនុស្ស​និង​ដឹងថា​ការប្រព្រឹត្តិ​បែបនេះ​នឹង នាំ​ដល់​លទ្ធផល​បែប​នោះ ឬថា​លទ្ធផល​បែបនេះ​ចេញមក​ពី​ការប្រព្រឹត្តិ​បែបណា (៣) យល់ដឹង​ពី​មធ្យោបាយ យុទ្ធសាស្ត្រ​សម្រាប់​នាំទៅរក​គោលដៅ (៤) យល់ដឹង​ច្បាស់​ក្នុង​រឿង​សង្គមវិទ្យា រដ្ឋ​សាស្ត្រ (៥) យល់ច្បាស់​ពី​លក្ខណៈ​ខុសគ្នា​របស់​បុគ្គ​ល​នីមួយៗ ក្រុម​នីមួយៗ បក្ស​នីមួយៗ ទាំង​ខាង​អា​ធ្យា​ស្រ័យ និន្នាការ មនោគមវិជ្ជា និង​ភាពប៉ិនប្រសព្វ​ពី​កំណើត (៦) យល់ដឹង​ពី​ភាព​ផ្សេងៗ រវាង​បុគ្គល​ខាង​ផ្នែក​កម្រិត​សតិបញ្ញា សមត្ថភាព វិវឌ្ឍនាការ​ក្នុង​ផ្នែក​ផ្សេងៗ និង​ការត្រៀមខ្លួន​ដើម្បី​ធ្វើការ​អភិវឌ្ឍន៍ (៧) ដឹង​នូវ​បច្ច័យ​ផ្សេងៗ​ដែល​នឹង​ទៅជា​ឧបសគ្គ ឬ​ជា​ជំនួស​ក្នុង​ការដឹកនាំ និង​ចេះ​កែខៃ​កត្តា​ទាំងនោះ (៨) ដឹង​ពី​អតីតកាល និង​បទពិសោធន៍​របស់​អ្នក​នៅក្រោម​បង្គាប់ (៩) ប្រមើលមើល​ដឹង​នូវ​ផល​អនាគត និង (១០) ដឹង​ច្បាស់​ប្រាកដ​ក្នុង​ចិត្ត​នូវ​លក្ខណៈ​ផល​សម្រេច​ដែល​ខ្លួន​ចង់បាន​។​ - អ្នកមាន​ទេពកោសល្យៈ ប៉ិន ប្រសប់ ឈ្លាសវៃ ដូច​ពាក្យ​ខ្មែរ​និយាយថា “​ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ​”​។ (១) ឆ្លាត​ក្នុងការ​ចំរើន ដឹង​ធ្វើ​អ្វី​នាំ​ឲ្យ​ចំរើន (២) ឆ្លាត​ក្នុង​សេចក្តី​វិនាស ដឹងថា​អ្វីដែល​នាំ​ឲ្យ​កើតក្តី​វិនាស (៣) ប៉ិនប្រសប់​ក្នុង​វិធី​ដោះស្រាយ​និង​សម្រេច​ផល​។​ - អ្នកមាន​យុត្តិធម៌ៈ ជៀស វាង​អគតិ​៤ គឺ (១) លំអៀង​ព្រោះ​ស្រឡាញ់ (២) លំអៀង​ព្រោះ​ក្រោធ ព្រោះ​ស្អប់ (៣) លំអៀង​ព្រោះ​ខ្លាច មាន​ខ្លាច​គេ​បៀតបៀន​ជាដើម (៤) លំអៀង​ព្រោះ​វង្វេង​ព្រោះ មិនដឹង​ដល់​សាច់រឿង​។​ - អ្នកមាន​សេចក្តី​ព្យាយាមៈ សេចក្តី ព្យាយាម​របស់​អ្នកដឹកនាំ​ត្រូវ​ប្រកបដោយ​អង្គ​៤​ប្រការ គឺ​ព្យាយាម​ការពារ​កុំ​ឲ្យ​កើត​បញ្ហា ព្យាយាម​កំចាត់​បញ្ហា​ដែលមាន​ឲ្យ​អស់​ទៅ ព្យាយាម​សាង​នូវ​សេចក្តីសុខ​ស្រួល​ឲ្យ​កើតមានឡើង និង​ព្យាយាម​រក្សា​នូវ​សេចក្តីសុខ​ស្រួល​នោះ​ឲ្យ​គង់វង្ស​ចម្រើន​តទៅទៀត​។​ ​គុណសម្បត្តិ​ទី​៣ គុណធម៌​ ​គុណធម៌​ធំៗ​របស់​អ្នកដឹកនាំ​មាន ទសពិធរាជធម៌ ១០​ចំនុច និង ព្រហ្ម​វិហារធម៌ ៤​ចំនុច​។​ - ទសពិធរាជធម៌​ ១. ទាន បាន​ដល់​ការ​ឲ្យ​៣​ប្រការ​ធំៗ គឺ ឲ្យ​វត្ថុ ឲ្យ​ចំណេះដឹង និង​ឲ្យ​ការ​អភ័យទោស​។​ ២. សីល ឬ​ការប្រព្រឹត្ត​ល្អៈ ធ្វើខ្លួន​ស្ថិតក្នុង​ប្រក្រតីភាព មិន​បង្ក​សេចក្តី​ក្តៅក្រហាយ​ដល់​អ្នកដទៃ គោរព​ច្បាប់​វិន័យ ចិញ្ចឹមជីវិត​ក្នុង​ផ្លូវ​សុចរិត និង​ប្រើ​របស់ទ្រព្យ​ប្រកបដោយ​ការពិចារណា​។​ ៣. បរិច្ចាគ ឬ​ការ​បរិ​ច្ចាគៈ លះបង់​ដោយ​ពុំ​គិត​ចង់បាន​អ្វី​មកវិញ ដែលជា​បច្ច័យ​ឲ្យ​គេ​គោរព សរសើរ ជា​គម្រូ​។ លះបង់​ទ្រព្យ​ដើម្បី​អវៈយវៈ លះបង់​អវៈយវៈ​ដើម្បី​ជីវិត លះបង់​ជីវិត​ដើម្បី​ភាពត្រឹមត្រូវ​។​ ៤. អាជ្ជវៈ ឬ​ការស្មោះត្រង់ៈ ត្រង់​ក្នុងតួនាទី ត្រង់​ក្នុង​ការងារ ត្រង់​ចំពោះ​វាចា ត្រង់​ចំពោះ​បុគ្គល ត្រង់​ចំពោះ​ប្រជារាស្ត្រ និង​ត្រង់​ចំពោះ​សេចក្តី​ល្អ​។​ ៥. ម​ទ្ទ​វៈ ឬ​ការ​ទន់ភ្លន់ៈ មិន​រឹងរូស មិន​ចចេស គោរព​ទៅតាម​មតិ​របស់​រាស្ត្រ បត់បែន​ទៅតាម​ស្ថានការណ៍ ធ្វើ​ឲ្យ​សង្គម កើត​សាមគ្គីភាព​។​ ៦. តបៈ ឬ​ការដុត​កិលេសៈ ការដុត​កំដៅ​អំពើអាក្រក់ ដុត​កម្លោច​ជន​អាក្រក់​កុំ​ឲ្យ​មាន​ក្នុងសង្គម ធ្វើ​ឲ្យ​ជន​អាក្រក់​មិន​ហ៊ាន​ធ្វើបាប​តទៅទៀត ធ្វើ​ឲ្យ​ជន​ល្អ​មានចិត្ត​ធ្វើ​ល្អជា​ប្រយោជន៍​រួម​។​ ៧. អ​ក្កោ​ធៈ ឬ​ការមិន​ក្រោ​ធៈ មិន​ក្រោធ មិន​ខឹង ព្រោះ​សេច​ដ្ឋ​កិច្ច​ក្តី នយោបាយ​ក្តី ទាហាន​ក្តី មិនអាច​ប្រើ​ខឹង​បានទេ ព្រោះ​ខឹង​នាំ​ឲ្យ​ខុស​។​ ៨. អ​វិ​ហឹ​ង្សា ឬ​ការមិន​បៀតបៀនៈ គោរព​សិទ្ធិមនុស្ស សិទ្ធិ​កុមារ សិទ្ធិ​ស្ត្រី និង​សិទ្ធិ​សត្វ​តិរច្ឆាន​។​ ៩. ខន្តី ឬ​ការ​អត់ធន់ៈ ទាល់តែ អត់ធន់ អត់ទ្រាំ អត់ធ្មត់ ទើប​សមគួរ​ធ្វើជា​អ្នកដឹកនាំ​។ អត់ធន់​ចំពោះ​កិលេស​ខ្លួន អត់ធន់​ចំពោះ​ភាពល្ងង់ខ្លៅ​របស់ខ្លួន អត់ធន់​ចំពោះ​អ្នកតូច អត់ធន់​ចំពោះ​ការងារ​របស់ខ្លួន អត់ធន់​ចំពោះ​ពាក្យ​ណែនាំ ពាក្យ​ប្រឹក្សា អត់ធន់​ចំពោះ​សេចក្តី​ប្រមាទ​ធ្វេស​ប្រហែល អត់ធន់​ចំពោះ​មនុស្ស​ល្ងង់ អត់ធន់​ចំពោះ​កូនក្មេង អត់ធន់​ចំពោះ​អ្នកប្រឆាំង អត់ធន់​ចំពោះ​ពាក្យ​ត្មះតិះដៀល អត់ធន់​ចំពោះ​សង្គម អត់ធន់​ចំពោះ​ពេលវេលា អត់ធន់​ចំពោះ​ការប្រែប្រួល​នៃ​ធម្មជាតិ អត់ធន់​ចំពោះ​បដិបត្តិ​ធម៌ ។​ល​។​ ១០. អវិរោធនៈ ឬ​ការមិនធ្វើ​ខុសៈ ភាវនា​ជាប់​ជាប្រចាំ​ថា អញ​នឹងមិន​ធ្វើ​ខុស អញ​នឹងមិន​ធ្វើ​ខុស​។​ - ព្រហ្ម​វិហារធម៌ៈ​ ១. មេត្តាៈ អាណិត​ស្រឡាញ់​ចង់​ឲ្យ​គេ​បាន​សុខ​។​ ២. ករុណាៈ ជួយសង្គ្រោះ​ឲ្យ​គេ​រួចពីទុក្ខ​។​ ៣. មុទិតាៈ ត្រេកអរ​ដែល​គេ​បាន​សុខ​។​ ៤. ឧបេក្ខាៈ ដាក់​ចិត្តជា​កណ្តាល​ 

0 comments:

Post a Comment

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ប្រទេសដែលចូលទស្សនា

Flag Counter

ចំនួននៃការចូលទស្សនា

 
Support : Eco coronabot | Your Link | Your Link
© 2013. សង្គមយុវវ័យ - ដោយ ជឹម ចន្ទ័បុត្រ
By: socail the teenager